វិធីសាស្ដ្រក្នុងការធ្វើតែងសេចក្ដី

វិធីសាស្ដ្រក្នុងការធ្វើតែងសេចក្ដីឲ្យបានត្រឹមត្រូវ

១​ គោលដៅក្នុងការធ្វើតែងសេចក្ដី

ក្នុងការតែងសេចក្ដីគេចង់បានសមត្ថភាពផ្នែក ៖
  • ភាសា
  • ឲ្យចេះគិតគូរបានល្អហើយត្រឹមត្រូវ
  • មានសមត្ថភាពក្នុងការពិចារណា
  • បណ្ដុះគំនិតទស្សនអប់រំ
  • ឲ្យមានបុគ្កលភាព(ការទទួលខិសត្រូវ)

២​ សារប្រយោជន៍នៃតែងសេចក្ដី

  • ចេះបង្ហាញមតិយោបល់
  • ចេះបកស្រាយបញ្ហា
  • បង្កើរចំណេះដឹងលើវប្បធម៌ទូទៅ
  • បង្កើតគំនិតបញ្ហា
  • ផលប្រយោជន៍នៃការរស់នៅ

៣ ធ្វើយ៉ាងណាដើម្បីធ្វើតែងសេចក្ដីបានល្អ

  • ពុទ្ធិ​ : ចំណេះដឹងលើវប្បធម៌ទូទៅ​ វិទ្យាសាស្ដ្រ​ អក្សរសីល្ប៍ ទស្សនវិជ្ជា ទ្រឹស្ដីអ្នកប្រាជ្ញ សម្រាយសុភាសិត និងទុនជីវិតផ្សេងៗទៀតលើសកលលោក ។

  • វិធីគិតគូរត្រឹមត្រូវតាមវិទ្យាសាស្រ្ដ : ជឿនលឿន សកម្ម ឈរលើគំនិតមហាជនជាធំ ត្រឹមត្រូវជាសកល ពេញដោយអំណះអំណាង ផលប្រយោជន៍រួម ។

  • សមត្ថភាពសំដែងឡើងតាមរយះសំណេរ : ត្រូវចេះប្រើរចនាបទ ពាក្យពេចន៍ ឃ្លាប្រយោគ សំនួនវោហារ មានវិធីសាស្ដ្រសរសេរត្រឹមត្រូវល្អ ចេះរៀបតាមលំដាប់គំនិតនៃបញ្ហានីមួយៗ ។

៤ ការបែងចែកប្រធាន


  • ប្រធានបែបបរិយាសាស្ដ្រ : មានច្បាប់ ឧបទេស សុភាសិត ពាក្យស្លោក ពាក្យទំនៀមទំលាប់ ច្បាប់ទូន្មាន....។

  • ប្រធានបែបងក្សរសីល្ប៍ : ទ្រឹស្ដីអក្សសីល្ប៍ អក្សរសីល្ប៍(ខ្លឹមសារ សំដីតួរអង្គ ទស្សនអ្នកប្រាជ្ញ...) ប្រវត្តិអក្សរសីល្ប៍ ប្រវត្តិអ្ន​កនិពន្ធ ។

  • ប្រធានបេបទស្សនវិជ្ជា : ទស្សនរបស់អ្នកប្រាជ្ញ ឫ របស់បុគ្កលនាម្នាក់ដេលល្បីល្បាញ..។

៥ សិក្សាប្រធាន

  • មើលប្រធានដោយយកចិត្តទុកដាក់ហើយច្រើនដង
  • រកន័យនៃពាក្យ ឫ ក្រុមពាក្យគន្លឺះសំខាន់ៗក្នុងសេចក្ដីប្រធាន
  • រកន័យសេចក្ដីរបស់ប្រធានគឺយល់ពីជម្រៅនៃប្រធាន ៉"តើគេចង់និយាយពីអ្វី...ឲ្យយើងពន្យល់ពីអ្វីប្រាកដ...''?
  • យល់ពីប្រភេទរបស់ប្រធានឲ្យបានច្បាស់ជាទីបំផុត "តើវាជា..ប្រធានពន្យល់ ប្រធានពិភាក្សា ប្រធានប្រៀបធៀប ឫ ប្រធានបែបពិពណ៌នា'' ។
  • ស្វែងយល់ពីព្រំដែនកំណត់របស់ប្រធានដែលបានចោទ ''ហួស​ ឫ​​​ ក្រៅព្រំដែនគឺច្រាសនៃប្រធានហើយ'' ចាត់ទុកថាគ្មានន័យអ្វីទាំងអស់ ។

៦ វិធីអនុវត្តជាក់ស្ដែងលើប្រធាននីមួយៗ

ជាទូទៅអត្ថាធិប្បាយនីមួយៗមាន៣ផ្នែកគឺ ៖

  • សេក្ដីផ្ដើម : ការបើកឆាកក្នុងការនិយាយតែការនិយាយនោះទៀតសោតគឺត្រូវតែទាក់ទងទៅនឹងប្រធានបទរបស់យើងផង(បើប្រធានបែបអក្សរសីល្ប៍ត្រូបនិយាយពីបែបផែនរបស់អក្សរសីល្ប៍ ទស្សនវិជ្ចាត្រូវលើកបែបផែនរបស់ទស្សនប្រថានទូទៅត្រូវល់កបែបទូទៅ...។

  • តួរសេចក្ដី : ត្រូវពន្យល់ពាក្យពិបាក ពាក្យបញ្ញត្តិ និងពាក្យដែលជារូបារម្មណ៍ ។ បន្ទាប់មកគឺបកស្រាយប្រធានដោយលើកយកឧទាហរណ៍មកបញ្ជាក់ផង ។ ផ្នែកបំពេញបន្ថែមលើប្រធានមិនសូវជាត្រឹមត្រូវឫចំណុចខ្វះខាតផ្សេងៗដែលយើងមើលទៅលើការបកស្រាយរបស់យើងដែលនៅខ្វះខាត ។

  • សេចក្ដីបញ្ចប់ : គំនិតរបស់យើងទៅលើប្រធាននោះនិងមយយទៀតគឺទស្សនផ្ទាល់ខ្លួនឫចំណាប់អារម្មណ៍យើងពីតម្លសនៃប្រធាន ។

រឿង ហង្សយន្ត

រឿង ហង្សយន្ត


  • ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
  • ប្រភេទរឿង៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
  • ចលនា៖ ពុទ្ធនិយម។
  • អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
  • កាលកំណត់តែង៖ ស.វទី១៧។
សង្ខេបរឿង
     ក្នុងអតីតកាលដ៏យូរលង់មានមហាក្សត្រមួយអង្គព្រះនាមអាទិត្យវង្សាសោយរាជ្យនៅនគរទេពបុរី។ មហាក្សត្រអង្គនោះជាស្តេចមានប្ញទ្ទិចេស្តា មាននគរចំណុះ១០១ និងមានស្រីស្នំ៦០០០នាក់ ទ្រង់មានមហេសីព្រះនាមព្រះនាងពិម្ពា។ តែជាអកុសលគឺទ្រង់ពុំមានព្រះរាជបុត្រមួយអង្គសោះ សម្រាប់ស្នងរាជ្យ ធ្វើឲ្យទ្រង់មានក្តីកង្វល់ជាពន់ពេក។ សម័យថ្ងៃមួយទ្រង់បានពិគ្រោះដោះស្រាយ​ជាមួយនាម៉ឺនសព្វមុខមន្ត្រីអំពីបញ្ហានេះ ទើបលោកមន្ត្រីមួយរូបលើកយោបល់ថាគួរមានពិធីបន់ស្រន់ថ្វាយទេព្តាសុំបុត្រាដោយឲ្យព្រះមហេសី និងស្រីស្នំទាំងអស់ចាំសីលភាវនា។
     ស្នំទាំងអស់ពិសេសព្រះនាងពិម្ពា បានប្រតិបត្តិការបួងសួងយ៉ាងយកចិត្តទុកដាក់រហូតធ្វើឲ្យកក្រើកដល់ឋានទេព្តា ពេលនោះព្រះឥន្ទកោសីយក៏បានទៅអាធនាទេវបុត្រឲ្យមកចុះចាប់បដិសន្ធិក្នុងគភ៌ព្រះនាងពិម្ពាជាបុត្រារបស់ព្រះអាទិត្យវង្សា។ លុះព្រះរាជបុត្រគ្រប់ទសមាសទ្រង់ប្រសួតមកមានព្រះកាយភ្លឺដូចមាស ទើបព្រហ្មណ៍បុរោហិតទាំងឡាយដាក់ព្រះនាមថាសុវណ្ណកុមារ។
     ព្រះសុវណ្ណកុមារទ្រង់ចម្រើនវ័យវឌ្ឍការក្រោមការបីបាត់ដ៏ល្អឥតខ្ចោះ។ នៅពេលព្រះសុវណ្ណកុមារពេញវ័យព្រះបាទអាទិត្យវង្សា ទ្រង់មានបំណងជ្រើសមហេសីថ្វាយបុត្រាក៏បង្គាប់ក្សត្រចំណុះទាំង១០១នគរ នាំបុត្រីមកឲ្យព្រះសុវណ្ណកុមារជ្រើសរើស។ តែពុំមានក្សត្រីអង្គណាជាទីពេញព្រះទ័យនៃព្រះសុវណ្ណកុមារឡើយ មានតែទទួលក្តីអាម៉ាសដោយការត្មិះដៀលពីព្រះសុវណ្ណកុមារទៅវិញដែលធ្វើឲ្យព្រះបាទអាទិត្យវង្សាមានការពិរោធនឹងទ្រង់ជាខ្លាំង។
     ចំណេរកាលតមកមិនយូរប៉ុន្មាន ក្នុងរាជវាំងមានជាងទងពីរនាក់មានជំនាញរៀងៗខ្លួនក្នុងការកសាងជាវត្ថុសិល្បៈផ្សេងៗមានទំនាស់គ្នារវាងចំណេះរៀងៗខ្លួនដែលនាំឲ្យលឺដល់ព្រះមហាក្សត្រ ទ្រង់ក៏ចាត់ចែងឲ្យជាងទាំងពីរប្រឡងសាកល្បងគ្នា ដោយទ្រង់ប្រទានសម្ភារៈតាមតម្រូវការ។ ជាងម្នាក់បានសាងសង់ជាពិមានដែលរំលេចដោយក្បូរក្បាច់រចនាល្អគ្មានពីរស្រោបដោយមាស និងត្បូងទទឹមភ្លឺរន្ទាលឆ្អិនឆ្អៅហាក់បីដូចជាទិព្វពិមានរបស់សក្កទេវរាជ។ ចំណែកជាងមួយរូបទៀតសាងរូបបក្សីធ្វើអំពីមាស​រំលេចដោយត្បូងចរណៃ ហើយបក្សីទាំងនោះអាចហោះហើរលើអាកាសបានសព្វទិសា បានតាមចិត្តប្រាថ្នា មានចលនាដូចជាសត្វពិត មានឬទ្ធិដូចសត្វទេព។ ព្រះមហាក្សត្រទ្រង់មានអំណរក្រៃ ហើយទ្រង់បានឲ្យជាងទាំងពីរសហការគ្នាសាងជារូបហង្សយន្ត​ដែលអាចឲ្យមនុស្សជិះបានថ្វាយទ្រង់។ ឯជាងទាំងពីរក៏បានសាងជាបក្សីយន្តតាមព្រះរាជបំណង។ ហង្សយន្តមាសដែលរំលេចទៅដោយក្បូរក្បាច់យ៉ាងវិចិត្រគ្មានពីរភ្លឺរន្ទាលអាចឲ្យមនុស្សអាស្រ័យហោះហើរទៅគ្រប់ទីស្ថានបានតាមចិត្តប្រាថ្នា។ ឯរាជបុត្រកាល ឃើញយានទិព្វក៏ទូលសុំព្រះបិតាបំណងយកយានហង្សយន្តនោះទៅស្វែងរករៀនសិល្ប៍វិជ្ជាការ ចំណេះវិជ្ជាផ្សេងៗ និងរកទេពីជាទីពេញព្រះទ័យ ហើយមាតាបិតាក៏ព្រះរាជទានតាមបំណង។
     ក្រោយពីបានហង្សយន្តព្រះសុវណ្ណកុមារ ទ្រង់ធ្វើដំណើរយ៉ាងរីករាយទតធម្មជាតិ ហើយរៀបរាប់សរសើរជាហូរហែ។ លុះបន្ទាប់មកទៀត ទ្រង់ក៏បានដល់បញ្ចាល៍នគរដែលជាទីព្រះបាទបញ្ចាល៍គ្រប់គ្រង។ ទ្រង់បានទៅសំណាក់ជាមួយព្រាហ្មណ៍មួយរូបក្រោយមកជាឪពុកធម៌របស់ទ្រង់។ ដោយទ្រង់ជាបុគ្គលមានភាពឧស្សាហ៍ព្យាយាមក្នុងការសិក្សា ហើយមានប្រាជ្ញាលើសពីមនុស្សទាំងពួងផងទ្រង់ក៏បានរៀនចេះចាំស្ទាត់ជំនាញអំពីវិជ្ជាការទាំងប៉ុន្មានឥតចន្លោះ ហើយត្រូវឪពុកធម៌របស់ទ្រង់នាំទៅថ្វាយព្រះបាទបញ្ចាល៍ ដើម្បីឲ្យសុវណ្ណកុមារកាន់តួនាទីជំនួសលោក ឯព្រះបាទបញ្ចាល៍ទៀតសោតក៏សឹងពេញចិត្តទាំងសមត្ថភាព រូបសម្បត្តិ និងអត្តចរិតរបស់ព្រះសុវណ្ណកុមារជាពន់ពេក តែទ្រង់ពុំជ្រាបថាសុវណ្ណកុមារជាអម្បូរក្សត្រនាំឲ្យទ្រង់ស្តាយ ដែលពុំអាចឲ្យព្រះសុវណ្ណកុមារធ្វើជារាជសុណិសាបាន។
     ថ្លែងពីព្រះបាទបញ្ចាល៍ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គប្រកបដោយរូបសម្បត្តិល្អលើសទេពធីតាឋានសួគ៌ទៅទៀតទ្រង់មានព្រះនាមបុទមកេសរ។ នៅពេលដែលព្រះសុវណ្ណកុមារចូលដល់រាជវាំងព្រះនាងមានការចាប់ព្រះទ័យយ៉ាងចម្លែកទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ ប្ញកពាដែលធ្វើឲ្យព្រះនាងយល់ថាព្រះសុវណ្ណកុមារប្រាកដជាចេញមកអំពីត្រកូលនៃរបាក្សត្រណាមួយជាក់ជាមិនខាន។
     ដោយទំហំនៃសេចក្តីស្រឡាញ់ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យព្រះនាងស្រពាប់ស្រពោនក្រៃ។ ឯនាងភីលៀងកាលបើឃើញម្ចាស់ស្រីមានទុក្ខក៏ធ្វើជាអ្នកនាំពាក្យពីព្រះនាងបុទមកេសរទៅព្រះសុវណ្ណកុមារ ជាប្រការផ្សេងៗ។​ ព្រះសុវណ្ណកុមារក៏បានមកជួប ហើយលួងលោមធីតាក្នុងផ្លូវកាមគុណព្រះនាងចេះតែរកហេតុផលមកពន្យល់ តែព្រះសុវណ្ណកុមារធ្វើជាខឹងទើបនាងព្រម។
     ព្រះសុវណ្ណកុមារតែងតែមកជួបធីតាតាមហង្សយន្តជារៀងរាល់រាត្រីរហូតព្រះនាងមានគភ៌ជិតគ្រប់ខែ ទើបបានជ្រាបដល់ព្រះបញ្ចាល៍ ទ្រង់ពិរោធយ៉ាងខ្លាំង ក៏ប្រើល្បិចចាប់ព្រះសុវណ្ណកុមារហើយឲ្យពេជ្ឈឃាដនាំខ្លួនទៅសម្លាប់។
     ព្រះសុវណ្ណកុមារទ្រង់មានវិប្បដិសារៈជាពន់ពេក ម្យ៉ាងនឹកដល់មាតាបិតាឯនាយ ម្យ៉ាងស្តាយភរិយា ឯព្រះនាងបុទមកេសរ ក៏ទួញសោកបោកខ្លួនស្តាយសុវណ្នកុមារដែរ។ ឯមាតាព្រះនាងបុទមកេសរក៏ជួយអង្វរសុំការលើកលែងទោស តែព្រះបាទបញ្ចាល៍ពុំព្រមលើកលែងទោសឡើយ។
     ថ្លែងពីពេជ្ឈឃាតពេលនាំសុវណ្ណកុមារទៅសម្លាប់ត្រូវសុវណ្ណកុមារបោកបញ្ឆោត ហើយឡើងជិះហង្សយន្តទៅយកព្រះនាងបុទមកេសរ រួចហោះប្រទក្សិណបីជុំប្រាសាទបញ្ចាល៍ ដោយសុវណ្ណកុមារដៀលផ្តាសារ និងគំរាមដោយប្រការផ្សេងៗធ្វើឲ្យព្រះបាទបញ្ចាល៍ភិតភ័យតក្កមា ឯសុវណ្ណកុមារក៏នាំព្រះនាងបទុមកេសរហោះទៅកាន់នគរទេពបុរីរបស់ទ្រង់។ លុះធ្វើដំណើរបាន៧ថ្ងៃ នាងបុទមកេសរក៏ឈឺពោះឆ្លងទន្លេ។ សុវណ្ណកុមារក៏ឈប់សំចតក្នុងខេត្តខណ្ឌហេមពាន្តដ ក្រោមដើមជ្រៃក្នុងព្រៃក្រឹស្ណាខាងឆ្នេរព្រះគង្គារគីស្រះបោក្ខរណី។ ដោយឃើញបទុមកេសរ និងបុត្រាមានភាពរងាញ័រញាក់ សុវណ្ណកុមារបានអាស្រ័យដោយហង្សយន្តទៅយកភ្លើងពីនាយសំពៅនាកណ្តាលមហាសាគរ តែជាកម្មអកុសលព្រះអគ្គីបានឆាបឆេះខ្សែបញ្ជាហង្សយន្ត ធ្វើឲ្យព្រះសុវណ្ណកុមារត្រូវបាននាយសមុទ្រគោចរជួយសង្គ្រោះ ហើយហង្សយន្តត្រូវនាយពាណិជ្ជស្រង់បាន តែពុំបានដឹងពីគុណប្រយោជន៍ឡើយ។
     នាងបទុមកេសរកាលចាំស្វាមីបាត់ពុំឃើញត្រឡប់មកវិញក៏ទួញសោយសោក ហើយដើររកស្វាមីដោយទុកកូនក្រោមដើមក្រឹស្នានាព្រៃនោះ។
     ថ្លែងពីព្រះចៅព្រហ្មទត្តស្តេចនៃនគរពារាណសី​ ក្នុងពេលទ្រង់យាងក្រសាលក្នុងដងព្រៃបោះក៏ឃើញបុត្ររបស់បុទមកេសរទ្រង់ក៏បានរើសទារកនោះយកមកចិញ្ចឹម ហើយដាក់ព្រះនាមថាចៅក្រឹស្នកុមារ។ ទ្រង់ស្រឡាញ់បុត្រក្រៃ ព្រោះទារកនេះមានសម្បុរដូចមាស ម្យ៉ាងទ្រង់ពុំមានបុត្រផង។ លុះនាងបុទមកេសរមកវិញរកកូនមិនឃើញក៏សន្លប់បាត់ស្មារតី។ ពេលដែលនាងភ្ញាក់រលឹកឡើងក៏ដើរតាមស្នាមដានជើងរហូតមកដល់នគរពារាណសី ហើយស្នាក់នៅជាមួយយាយមាលាជាអ្នកក្រងផ្កាថ្វាយស្តេច ដើម្បីរង់ចាំឱកាសជួបជាមួយនឹងចៅក្រឹស្នកុមារ។
     ក្នុងពេលនៅជាមួយយាយមាលា នាងក្រងផ្កាថ្វាយសេ្តចជំនួសយាយមាលាយ៉ាងប៉ិនប្រសប់ជាហេតុនាំឲ្យស្តេចចង់ជួបនាង តែត្រូវយាយមាលាកុហកថានាងជាស្ត្រីមេម៉ាយ ហើយមានរូបអាក្រក់ក្រៃព្រោះពុំមែនជាឱកាសល្អ។ នាងនៅជាមួយយាយមាលាអស់រយៈពេល ១៦ឆ្នាំ។ ពេលនោះចៅក្រឹស្នកុមារក៏ចម្រើនវ័យគ្រប់ការ ទើបព្រះបាទព្រហ្មទត្តទ្រង់ត្រាស់ឲ្យស្តេចនៃនគរចំណុះទាំង​​១០១ នាំបុត្រីដែលពេញវ័យគ្រប់ការមកថ្វាយ តែពុំមានសូម្បីតែមួយអង្គដែលធ្វើឲ្យចៅក្រឹស្នកុមារពេញចិត្តសោះឡើយ ទើបព្រះបាទព្រហ្មទត្តបញ្ជាឲ្យរាជ្យអាមាត្រដើររើសរកស្រីល្អក្នុងនគរមកថ្វាយ ឯរាជអាមាត្យក្រាបថ្វាយទូលមហាក្សត្រថាក្នុងនគរពារាណសីនេះពុំមានស្រីណាដែលមានសម្រស់ស្រស់ស្អាតស្មើនឹងនាងបុទមកេសរជាចៅយាយមាលាសោះឡើយ តែទ្រង់ពុំជឿលុះអាមាត្យនាំនាងមកទើបទ្រង់ជឿ ឯចៅក្រឹស្នកុមារក៏សឹងពេញចិត្តគ្មានប្រកែក ហើយព្រះបាទព្រហ្មទត្តទ្រង់ត្មិះដៀលជេរយាយមាលាជាច្រើនដែលហ៊ានភូតកុហកទ្រង់។ ក្រោយពីបានរៀបចំរាជអភិសេកចៅក្រឹស្នកុមារ និងនាងបុទមកេសរ ព្រះបាទព្រហ្មទត្តក៏បានប្រគល់រាជសម្បត្តិថ្វាយចៅក្រឹស្នកុមារផងឲ្យគ្រប់គ្រងនគរពារាណសីពីទ្រង់ដែរ ឯនាងបុទមកេសរវិញក៏ចាំសង្កេតអត្តចរិតចៅក្រឹស្នកុមារដែរ។
     ក្នុងវេលារាត្រីផ្សំដំណេកខណៈដែលចៅក្រឹស្នកុមារសំដៅទៅប្រាសាទនាងបុទមកេសរក៏ស្រាប់តែមានទេវតាមកនិមិត្តទេពហេតុបីប្រការជាប្រស្នាដល់ចៅក្រឹស្នកុមារជាហេតុនាំឲ្យទ្រង់ និងនាងបុទមកេសរបានស្គាល់គ្នាជាម្តាយនិងកូន។ ក្រោយមកនាងបុទមកេសរ និងចៅក្រឹស្នកុមារបានសាងសង់សាលាឆទាន ដោយមានឆ្លាក់ជាសាច់រឿងនៃឆាកជីវិតរបស់នាង និងស្វាមីក្នុងគោលបំណងឲ្យសុវណ្ណកុមារបានឃើញ ហើយឲ្យយាយមាលាជាអ្នកគ្រប់គ្រងសាលានោះ។
     ថ្លែងពីនាយសាគរពាណិជ្ជ ដែលរើសបានហង្សយន្តបានយកទៅថ្វាយស្តេចព្រហ្មទត្ត ហើយទ្រង់បានឲ្យចៅក្រឹស្នកុមារជាអ្នកថែរក្សា។ ឯនាយសមុទ្រគោចរក៏បានចូលសំពៅមកដល់នគរពារាណសី ដើម្បីដោះដូរទំនិញ ដែលនាំឲ្យសុវណ្ណកុមារបានឃើញនូវរឿងរ៉ាវដែលឆ្លាក់់ជាប់សាលាឆទាន ហើយត្រូវយាយមាលានាំឲ្យទៅជួបនាងបុទម និងចៅក្រឹស្នកុមារ។ ដោយក្តីនឹករលឹកគ្នា ក្សត្រទាំងបីអង្គបានសោយសោករហូតដល់សន្លប់ទាំងបីអង្គ តែត្រូវព្រះឥន្ទ្រាធិរាជប្រោសឲ្យរស់វិញទាំងអស់។ ឯព្រះបាទព្រហ្មទត្តទ្រង់បានឲ្យអាមាត្យមកសាកសួរតែចៅក្រឹស្នកុមារទូលថាជាបងរបស់នាងបុទមកេសរ។
     ចៅក្រឹស្នកុមារបានយកហង្សយន្តមកថ្វាយសុវណ្ណកុមារជួសជុល ឯនាងបុទមកេសររៀបចំស្បៀងអាហារក្នុងពេលធ្វើដំណើរ ហើយនាងបានឲ្យរង្វាន់ដល់នាយសំពៅទាំងពីរ និយាយមាលាជាច្រើន ចំណែកចៅក្រឹស្នកុមារបានសរសេរសំបុត្របិទជាប់ទ្វារប្រាសាទថ្វាយព្រះបាទព្រហ្មទត្ត ហើយទាំងបីអង្គអាស្រ័យដោយហង្សយន្តហោះសម្តៅទិសឧត្តរទៅទេពបុរីអស់មួយរយៈពេល ឯព្រះបាទព្រហ្មទត្តទ្រង់ទួញអាល័យបុត្រក្រៃពេក។
     ដល់ទេពបុរីក្សត្រទាំង៥អង្គ បានព្រះកន្សែងលុះសន្លប់ស្មារតីទាំងអស់គ្រប់គ្នា។ ក្រោយពីធ្វើពិធីជញ្ជាត់ព្រលឹង ព្រះអាទិត្យវង្សាបានផ្ទេររាជបល្ល័ង្កថ្វាយសុវណ្ណកុមារ និងចៅក្រឹស្នកុមារជាឧបរាជបានសេចក្តីសុខសាន្តលុះមរណារៀងៗខ្លួន ក៏យោនយកកំណើតតាមផលកម្ម គឺព្រះអាទិត្យវង្សាជាព្រះបាទសុទ្ធោន៍ នាងពិម្ពាជាមហាមាយា ព្រហ្មទត្តជាអានន្ន ព្រះឥន្ទជាអនុរុទ្ធ នាងបទុមជាយសោធារា ចៅក្រឹស្នកុមារជារាហុលកុមារ ព្រះបាទបញ្ចាល៍ជាទេវទត្តអន្យតិរ្ថិយ ឯសុវណ្ណកុមារជាព្រះសាមណគោតមនេះឯង។
  • ប្រធានរឿង៖ ដំណើរជីវិតរបស់សុវណ្ណកុមារ ផ្សារភ្ជាប់នឹងហង្សយន្ត។
  • មូលបញ្ហារឿង៖ 
    • ការចាកចេញពីនគររបស់សុវណ្ណកុមារ
    • ការទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
    • ការពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
    • ការរក្សាភក្តីភាពរវាងស្វាមី និងភរិយា
    • ការវិលត្រឡប់ចូលនគរវិញរបស់សុវណ្ណកុមារ។
    • ប្រភព : CSH Educational

រឿង មរណមាតា

រឿង មរណមាតា

  • ប្រភពរឿង៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា"
  • ប្រភេទ៖ ពាក្យកាព្យ
  • អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
  • កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")
សង្ខេបរឿង៖
     កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​ បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិ​ទានថា៖
     ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។ អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។
     កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមក​ប្រលោមកុលកោដិកុដុម្ពីក៍។
     កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាង​កុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។
     លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។ រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។
     វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។
     ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។
     ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។ លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។
     ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់​ហើយនៅក្នុងព្រៃនោះទៅ។
     ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។
     ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។ បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។
     ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម​ ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។ កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។

  • ប្រធានរឿង៖ និយាយពីខ្សែជីវិតរបស់នាងមរណមាតា។
  • មូលបញ្ហារឿង
    • ការផិតក្បត់ប្រពន្ធ បណ្តាលឲ្យគ្រួសារវិនាស កូនៗរងទុក្ខវេទនា
    • ភាពមិនរឹងមាំរបស់មេគ្រួសារ
    • ការឈ្នានីសលើកូនដើមពីសំណាក់ម្តាយ និងកូនចុង
    • សកម្មភាពតស៊ូរបស់នាងកុមារីដែលស្លាប់ម្តាយ ហើយឪពុកជឿលើសំដីប្រពន្ធចុង បោះបង់ និងធ្វើបាបនាង ប៉ុន្តែដោយការព្យាយាមមិនរួញរា ធ្វើឲ្យនាងរួចចាកទុក្ខទោស និងទទួលបានការអាណិតអាសូរពីគេ
    • ជីវិតរបស់នាងមរណមាតានៅក្នុងរាជវាំង។
    • ប្រភព : CSH Educational

រឿង ស័ង្ខសិល្បជ័យ

រឿង ស័ង្ខសិល្បជ័យ


  • ប្រភពរឿង៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។
  • ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន
  • ចលនា៖ ពុទ្ធនិយមក្លាយ
  • កាលកំណត់តែង៖ ១៨៨២
  • អ្នកនិពន្ធ៖ ឧកញ៉ាវង្សាធិបតីអ៊ុក
សង្ខេបរឿង
     ព្រះបាទកុត្តរាជ សោយរាជ្យបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុុមន្ទា មានព្រះរាជបុត្រច្បងព្រះនាមសេនាកុត្តរាជ ព្រះរាជបុត្រីប្អូនព្រះនាមកេសរសុមន្ទា។ លុះព្រះបាទកុត្តរាជទ្រង់ព្រះទិវង្គតទៅ ព្រះនាងសុមន្ទាទ្រង់អភិសេកព្រះរាជកុមារសេនាកុត្តរាជ ជាមហេក្សត្រឡើងគ្រងរាជ្យ ហើយព្រះបាទសេនាកុត្តរាជ ទ្រង់ឲ្យហោរាទាយជតារាសីឲ្យព្រះនាងកេសរសុមន្ទាជាព្រះកន្និដ្ឋា ហោរទាយថា"វេលាព្រះនាងមានព្រះជន្ម១៥វស្សា និងមានយក្ស១មកចាប់ទៅធ្វើជាភរិយានៅក្នុងព្រៃ"។
     ក្រោយមកព្រះនាងកេសរសុមន្ទាចូលក្រាបបង្គំលាព្រះរៀមចេញទៅក្រសាលឧទ្យាន។ ព្រះរាមទ្រង់ឃាត់ពុំស្តាប់ ក៏ទ្រង់ជូនព្រះកនិដ្ឋាទៅដោយពួកពលជាច្រើន។ ក្នុងពេលកំពុងក្រសាល មានយក្សកម្លោះមួយឈ្មោះកុម្ភណ្ឌ ឋិតនៅប្រាសាទក្នុងព្រៃហេមពាន្តចេញមកលេងព្រៃដែរ។ លុះមកដល់បញ្ចាលនគរ កុម្ភណ្ឌបានឃើញព្រះនាងកេសរសុមន្ទាកំពុងក្រសាលឧទ្យានក៏ស្នេហា ហើយកាឡាខ្លួនជាមនុស្សចូលទៅលាយឡំជាមួយបរិពារនោះ ហើយចាប់ពហោះយកព្រះនាងទៅធ្វើជាភរិយា នៅក្នុងប្រាសាទនាព្រៃហេមពាន្ត។
     ថ្ងៃមួយកុម្ភណ្ឌលាព្រះនាងកេសរសុមន្ទាទៅគាល់ព្រះនារាយណ៍ក្រាបទូលសព្វគ្រប់រឿងដែលខ្លួនបានភរិយាជាទីពេញចិត្ត។ ព្រះនារាយណ៍ទ្រង់ប្រទានព្រះសភ័គ (ស្បៃ) មួយជាចំណងដៃ។ កុម្ភណ្ឌក៏យកមកថ្វាយព្រះនាងជាភរិយា។
     នៅរួមគ្នាមិនយូរប៉ុន្មាន បានព្រះរាជបុត្រី១ ព្រះនាមថា សុពណ៌ទេវី។
     សម័យមួយ កុម្ភណ្ឌទៅលេងបាស្កាភ្នាល់នឹងស្តេចនាគឯនាគពិភព ស្តេចនាគដាក់នគរជាតំណាង កុម្ភណ្ឌដាក់រាជបុត្រីជាតំណាង កុម្ភណ្ឌចាញ់នាគៗក៏យកព្រះនាងសុពណ៌ទេវីជាភរិយា។
     ឯព្រះបាទសេនាកុត្តរាជ ក្រោយដែលកុម្ភណ្ឌលួចយព្រះនាងកេសរសុមន្ទាទៅ ទ្រង់ចាត់ឲ្យរកសព្វទិសពុំឃើញសោះ ស្តេចទ្រង់ព្រះវិយោគ ទ្រង់សង្វេគ ទ្រង់លះរាជសម្បត្តិចេញបួសជាបព្វជិតនៅវត្តមួយ។
     វេលាទ្រង់ព្រះផ្នួសហើយ មានស្រុកមួយឈ្មោះនិគ្រោធគ្រាម មានដូនចាស់ម្នាក់មានបុត្រី៧នាក់។ នៅថ្ងៃសីលមួយ បុត្រីទាំង៧នាក់នោះ នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធនៅវត្តដែលមានព្រះរាជាគង់។ ព្រះរាជាទតឃើញទ្រង់មានព្រះទ័យប្រតិព័ទ្ធ។ លុះនាងទាំង៧ត្រឡប់ទៅផ្ទះវិញ ព្រះរាជាទ្រង់លាចាកសិក្ខាបទ ហើយស្តេចយាងទៅកាន់ស្រុកនិគ្រោធគ្រាមនោះ សុំដណ្តឹងនាងទាំង៧នាក់អំពីតាចាស់ដូនចាស់ជាមាតាបិតា។ កាលដូនតាបានថ្វាយហើយ ទ្រង់នាំនាងទាំង៧នាក់នោះមក្នុងនគរអភិសេកជាមហេសី។
     មិនយូរប៉ុន្មាន នាងបងៗទាំង៦ប្រសូតព្រះរាជបុត្រា១ម្នាក់ៗព្រមគ្នាក្នុងមួយថ្ងៃ។
     លំដាប់ពីនោះ នាងកេសរបុប្ផា ជាព្រះស្នំឯកប្រសូតបុត្រមួយមកជាសត្វរាជសីហ៍។
     ព្រះនាងបុទមាជាប្អូនពៅ ប្រសូតបុត្រាមួយមកមានដៃម្ខាងកាន់ធ្នូសិល្បជ័យ ដៃម្ខាងកាន់ខ្យងស័ង្ខ ព្រោះហេតុនោះបានជាថ្វាយព្រះនាមថា "ស័ង្ខសីលជ័យ"។
     ព្រះរាជាទ្រង់ឲ្យហោរគន់គូរ ហោរដោយបានសំណូកពីនាងបងៗទាំង៦ក៏ទូលថា​អាភេទនេះជាឧត្បាទនាំឲ្យមានគ្រោះថ្នាក់ដល់ព្រះអង្គ ដល់បណ្តារាស្ត្រ និងដល់ព្រះនគរ។ ដោយសេចក្តីញុះញុងអំពីនាងទាំង៦ និងអំពីហោរាខ្លាំងពេក ទ្រង់ក៏ព្រះរាជបញ្ជាឲ្យនិរទេសព្រះនាងបទុមា នាងកេសរបុប្ផា និងស័ង្ខសីលជ័យព្រមទាំងរាជសីហ៍ចេញចាកព្រះនគរឲ្យទៅនៅព្រៃ។ ដោយបុណ្យបារមីស័ង្ខសីល្បជ័យជាពោធិសត្វ ព្រះឥន្ទប្រើព្រះពិស្ណុការមកនិម្មិតនគរថ្វាយជានគរ មានប្រាង្គប្រាសាទទាំងបន្ទាយព័ទ្ធជុំវិញ ព្រមទាំងសួនច្បារ ទាំងប្រដាប់ប្រដាសព្វគ្រប់សន្មតនាមថា "ពិស្ណុនគរ"។ ព្រះស័ង្ខសិល្បជ័យក៏គង់នៅជាសុខសប្បាយជាមួយព្រះមាតា។ ថ្ងៃក្រោយមកពួកបងៗទាំង៦បានដឹងព្រឹត្ថហេតុនោះ ដោយព្រានព្រៃក៏ធ្វើឧបាយយ៉ាងច្រើនយ៉ាង មាននំចំណី និងស្លាដាក់ថ្នាំពុលជាដើម ឲ្យកូនទាំង៦នាក់យកទៅថ្វាយព្រះស័ង្ខសិល្បជ័យ តែព្រះអង្គមិនសោយ។​ ថ្ងៃក្រោយមកទៀត នាងទាំង៦នាំគ្នាទូលព្រះបាទសេនាកុត្តរាជសុំរាជ្យឲ្យកូនខ្លួន។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា បើកូនចង់សោយរាជ្យ លុះតែកូនទៅរកសត្វបក្សាម្រឹគា និងមច្ឆាពីព្រៃហេមពាន្តមកឲ្យឳពុក ទើបកូនសោយរាជ្យបាន។ កុមារទាំង៦ទៅឲ្យព្រះស័ង្ខសិល្បជ័យរកឲ្យព្រះស័ង្ខសិល្បជ័យថ្លែងសរកើតជាសត្វ បក្សា ម្រឹគា និងមច្ឆាឲ្យយកទៅថ្វាយព្រះបិតាៗទ្រង់ទត ទ្រង់ស្គាល់ថាជាឫទ្ធិរបស់ព្រះស័ង្ខសិល្បជ័យ។
     ពេលដែលកុមារទាំង៦ ទូលសូមរាជ្យព្រះបិតាទ្រង់មានព្រះបន្ទូលថាលុះតែអ្នកទៅរកនាងកេសរសុមន្ទាជាព្រះមាតុច្ឆាបានមក ទើបយើងឲ្យអ្នកសោយរាជ្យ។ កុមារទាំង៦ក៏ប្រាប់ព្រះស័ង្ខសិល្បជ័យៗលាព្រះមាតា ជិះលើរាជសីហ៍ទៅជាមួយនឹងបងៗទាំង៦នាក់ ដោយខ្យងស័ង្ខជាអ្នកនាំមុខ ទីណាពុំមានផ្លូវ ខ្យងស័ង្ខក៏ដល់ធ្វើផ្លូវថ្វាយឲ្យស្តេចទៅដោយស្រួល។ ព្រះស័ង្ខសិល្បជ័យឲ្យបងៗទាំង៦នៅចាំត្រង់ស្ទឹង១ធំ ហើយស្តេចយាងឆ្លងស្ទឹងទៅជាមួយរាជសីហ៍ និងស័ង្ខ ស្តេចផ្សងថា បើព្រះមាតុច្ឆានៅទីណា សូមស័ង្ខនាំទៅកាន់ទីនោះ។ ក្នុងព្រះដំណើរកាត់ភ្នំកាត់ព្រៃនោះ ទោះទីមានសត្វសាហាវ យក្សកំណាច បិសាច ព្រាយមាយា យាយីយ៉ាងណាក៏ស័ង្ខ និងរាជសីហ៍បោលទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះទៅបាន។
     កាលព្រះស័ង្ខសិល្បជ័យទៅជិតដល់ កុម្ភណ្ឌចេញទៅលេងព្រៃទុកព្រះនាងកេសរសុមន្ទានៅក្នុងប្រាសាទ។
     ព្រះស័ង្ខសិល្បជ័យទ្រង់ហោះទៅដល់ប្រាសាទនោះ បានជ្រាបដំណឹងដោយពួកទេវតាថា នេះហើយជាប្រាសាទកុម្ភណ្ឌ ដែលព្រះនាងកេសរសុមន្ទាគង់នៅ។ ស្តេចជ្រាបហើយក៏ទ្រង់ឈរក្បែរប្រាសាទស្រែកហៅព្រះមាតុច្ឋា។ ព្រះនាងសាកសួរព្រះរាជកុមារៗក្រាបទូលប្រវត្តិការណ៍ដោយសព្វកគ្រប់។
     ពេលនោះ ហេតុតែបុណ្យបារមីព្រះស័ង្ខសិល្បជ័យ បណ្តាលឲ្យកុម្ភណ្ឌឈឺក្បាល ដើរដួលជ្រុលជ្រកនៅក្នុងព្រៃ ខំត្រដរត្រឡប់មកកាន់ប្រាសាទវិញមកដល់ប្រាសាទហើយ កុម្ភណ្ឌកំពុងតែដេកលក់ ព្រះស័ង្ខសិល្បជ័យក៏នាំយកព្រះមាតុច្ឆា ចេញចាកប្រាសាទទៅទាំងស័ង្ខ។
     កាលព្រះស័ង្ខសិល្បជ័យនាំព្រះមាតុច្ឆាទៅដល់កណ្តាលផ្លូវ ទ្រង់ទុកព្រះនាងក្នុងកុហាកែវមួយ ហើយទ្រង់វិលទៅសម្លាប់កុម្ភណ្ឌ លុះសម្លាប់ច្រើនលើកហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញ។ ក្រោយមកកុម្ភណ្ឌកើតឡើងទៀត ហើយនាំពួកពលច្រើនជាអនេកមកច្បាំងទៀតជាច្រើនដង ច្រើនគ្រា។ ព្រះស័ង្ខសិល្បជ័យមានជ័យជំនះសម្លាប់កុម្ភណ្ឌ ព្រមទាំងពួកពលបាន។ វេលាកុម្ភណ្ឌស្លាប់លើកក្រោយបំផុត ព្រះស័ង្ខសិល្បជ័យឃើញព្រះមាតុច្ឆាសោកនឹងស្វាមីខ្លាំងពេកក៏ទ្រង់ថ្លែងសរកើតជាប្រាសាទកែវបញ្ចុះសពកុម្ភណ្ឌនៅទីនោះ ហើយសូមស្មាលាទោសកុំឲ្យមានពៀរតទៅ។
     កាលព្រះស័ង្ខសិល្បជ័យបានជ័យជំនះហើយ ទ្រង់មានបំណងនឹងនាំព្រះមាតុច្ឆាទៅ តែព្រះមាតុច្ឆាថាសូមកូនទៅយកនាងសុពណ៌ទេវីជាប្អូននៅឯពិភពនាគមកសិន។ ព្រះរាជកុមារក៏ទុកព្រះមាតុច្ឆានៅប្រាង្គប្រាសាទដែលមានដើមកុលព្រឹក្សអាចផ្តល់នូវចំណីអាហារគ្រប់យ៉ាងតាមប្រាថ្នា ហើយទ្រង់លាព្រះមាតុច្ឆាទៅ មុននឹងទៅទ្រង់យកស័ង្ខមកផ្សងថាបើឋាននាគជាលំនៅនាងសុពណ៌ទេវីនៅទីណា សូមឲ្យស័ង្ខនាំទៅត្រង់ទៅទីនោះ ហើយទ្រង់គង់លើស័ង្ខទៅ។ លុះស្តេចទៅដល់ពិភពនាគទ្រង់ច្បាំងដណ្តើមយកព្រះអនុជាក្សត្រីមកបានដូចព្រះបំណងហើយ ទ្រង់វិលមកនាំព្រះមាតុច្ឆា និងព្រះអនុជាក្សត្រីទៅដោយសេចក្តីលំបាក។
     លុះវិលមកជួបកុមារទាំង៦ៗនាំព្រះស័ង្ខសិល្បជ័យទៅបេះផ្លែផ្កាលើកំពួលភ្នំ ហើយល្បួងឲ្យទុករាជសីហ៍ ទុកស័ង្ខ ទុកធ្នូនៅទីនោះក៏នាំទៅ ហើយព្រួតគ្នាច្រានព្រះអង្គទម្លាក់ទៅក្នុងជ្រោះភ្នំលើកថ្មសន្ធប់ រួចមកទូលព្រះនាងសុមន្ទាថា ស័ង្ខសិល្បជ័យធ្លាក់ជ្រោះស្លាប់ទៅហើយ។
     ព្រះនាងសុមន្ទា និងព្រះនាងសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកសព្វច្រកល្ហកពុំឃើញសោះ ហើយព្រះនាងសុមន្ទាទ្រង់យកព្រះកេសាដែលបានពីព្រះឥសូរ ព្រះនាងសុពណ៌ទេវីទ្រង់យកស្នៀតព្រះកេសាដែលបានពីកុម្ភណ្ឌមកផ្សងនឹងទេវតាថា "បើព្រះស័ង្ខសិល្បជ័យនៅរស់ សូមឲ្យមានគេយកស្បៃ និងស្នៀតសក់នេះទៅឲ្យដល់ខ្ញុំឯស្រុក បើស្លាប់ឲ្យបាត់ស្ងាត់ទៅចុះ"។
     ព្រះនាងត្រឡប់មកកាន់កន្លែងដើមវិញ ស្តេចពាលទាំង៦ចូលចាប់ព្រះហស្ថព្រះនាងទាំង២ បង្ខំនាំយកទៅ។
     ឯរាជសីហ៍វិលមកវិញពុំឃើញព្រះស័ង្ខសិល្បជ័យ ក៏ហោះរកសព្វទិសទី ហើយខាំព្រះខាន់ធ្នូ នាំស័ង្ខហោះទៅកាន់ពិស្ណុនគរ។ កាលព្រះនាងកេសរបទុមា កេសរបុប្ឆា សាកសួររាជសីហ៍ទូលតាមដំណើរសព្វគ្រប់ហើយ ព្រះនាងទាំង២ឡើងគង់លើរាជសីហ៍ទៅរកព្រះរាជបុត្រ។ វេលានោះហេតុតែបារមីព្រះរាជកុមារ ក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទៗទ្រង់ហែកមេឃ បើកថ្មដែលស្តេចពាលសន្ធប់មាត់ជ្រោះនោះចុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទិព្វវារី ព្រះអង្គក៏ល្អលើសមុន ហើយទ្រង់នាំព្រះអង្គទៅដាក់ដល់ពិស្ណុនគរ ជួបជុំនឹងព្រះនាងទាំង២អង្គដោយសិរីសួស្តី។ និយាយពីស្តេចពាលទាំង៦ កាលដែលនាំព្រះនាងសុមន្ទា និងនាងសុពណ៌ទេវីទៅកាន់បញ្ចាលនគរនោះ មុននឹងទៅបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកត្តុរាជថាខ្លួនទាំង៦នាក់ជាអ្នកទៅច្បាំងនឹងយក្ស និងនាគនាំយកព្រះនាងមក តែលុះទៅដល់នគរ ព្រះមហាក្សត្រត្រាស់សួរព្រះនាងបែរជាទូលថាព្រះស័ង្ខសិល្បជ័យវិញ។ ឯស្តេចពាលទាំង៦ទូលថា "សួមទ្រង់កុំជឿព្រោះនាងឆ្កួតទេព្រោះរលឹកប្តី យើងខ្ញុំទេតើដែលទៅយកបាន"។ ព្រះរាជាទ្រង់ត្រាស់ថា "បើនិយាយខុសគ្នាដូច្នេះ ត្រូវឈប់ស្លេះសិន"។
     គ្រានោះ ព្រះបាទសេនាកត្តុរាជកំពុងតែធ្វើមង្គលចងដៃក្សត្រីទាំងពីរអង្គ ស្រាប់តែឃើញនាយសំពៅដែលរើសបានស្បៃ និងស្នៀតសក់នោះ យកទៅថ្វាយក្សត្រីទាំងពីរព្រះអង្គ។ ព្រះនាងទ្រង់ទតឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្គាល់ជាក់ ទ្រង់ទូលព្រះរាជាអំពីព្រះនាងផ្សងថា "បើកូននៅរស់សូមឲ្យឃើញស្បៃ និងស្នៀតសក់វិញ"។ ព្រះរាជាទ្រង់ឲ្យព្រះនាងទាំង២អង្គគង់នៅប្រាសាទជាទីសប្បាយ។ តែទោះបីជាដូច្នោះព្រះនាងពុំបាត់សោក។ ឯស្តេចពាលទាំង៦ទូលព្រះរាជាថា "ព្រះនាងយំសោករកយក្ស និងនាគជាប្តីទៅជាឆ្កួតហើយ សូមទ្រង់រកមេមត់មកលៀងលោមបរបក់ព្រលឹងទើបជា"។ ព្រះរាជាក៏ទ្រង់ឲ្យរកមេមត់មកបញ្ជាន់ទាយជម្ងឺព្រះនាង។ កាលមេមត់ចូលទៅចងព្រះហស្ថ ព្រះនាងថា "អញគ្មានឈឺអ្វីទេ មកចងដៃអញធ្វើអ្វី"។ មេមត់ចេះតែខំចង ព្រះនាងធាក់ដួលផ្កាប់មុខ។ ព្រះរាជាទ្រង់ខ្ញាល់ទ្រង់ឲ្យសង់សំណាក់ឲ្យព្រះនាងនៅក្រៅវាំង។ ថ្ងៃមួយព្រះរាជាទ្រង់ស្តេចចេញទៅកាន់ចុងព្រះរាជរោងពួករាជសេវកាមាត្យកំពុងគាល់ត្រៀបត្រា ស្រាប់តែមានជីងចក់មួយធ្លាក់មកចំលើព្រះរូបព្រះអង្គ ទ្រង់ឲ្យហោរទាយ ហោរទាយថា "ទ្រង់នឹងបានជួបព្រះរាជបុត្រមានឫទ្ធិលើសស្តេចក្នុងជម្ពូរទ្វីប"។ ស្តេចសួរព្រះនាងសុមន្ទារកទីកន្លែងព្រះស័ង្ខសិល្បជ័យ។ លុះទ្រង់ជ្រាបសព្វគ្រប់ហើយ ទ្រង់បង្គាប់ឲ្យព្រះនាងសុមន្ទាទៅជួបនឹងព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅក្រោយ។ លុះបានជួបជុំទាំង៥ព្រះអង្គហើយ ព្រះរាជាទ្រង់នាំស័ង្ខសិល្បជ័យព្រមទាំងព្រះនាងកេសរបទុមា កេសរបុប្ឆា ចាកពិស្ណុនគរមកគង់ឯបញ្ចាលនគរ។
     មុនពេលដែលព្រះបាទសេនាកត្តុរាជចូលទៅជួបនឹងព្រះស័ង្ខសិល្្បជ័យ ព្រះឥន្ទ្រនិម្មិតវាំងប្រាសាទឲ្យល្អលើសដើមមានជាបរិវាច្រើនលើសគណនា ស្តេចទាំង៥ព្រះអង្គទ្រង់ក្រសាហើយត្រឡប់ចូលកាន់ព្រះនគរបញ្ចាលដោយសួស្តី។
     កាលស្តេចដល់ព្រះនគរទ្រង់អភិសេកព្រះស័ង្ខសិល្បជ័យ និងព្រះនាងសុពណ៌ទេវីជាព្រះអគ្គមហេសី ព្រមទាំងព្រះនាងសុរអមច្ចណា ព្រះរាជបុត្រីនគរដទៃជាព្រះមហេសីបន្ទាប់ យ៉ាងមហោឡារឹកអស់រយៈពេល៧ថ្ងៃ៧យប់ តាមព្រះរាជប្រពៃណី។
     បន្ទាប់ពីនោះ ព្រះបាទសេនាកុត្តរាជទ្រង់ឲ្យហៅស្តេចពាលទាំង៦មកសួរដេញដោលពីរឿងដែលស្តេចទាំងនោះអួតថាខ្លួនទៅយកព្រះនាងសុមន្ទាពីកុម្ភណ្ឌ ព្រះនាងសុពណ៌ទេវីពីនាគ។
     ទីបំផុតព្រះស័ង្ខសិល្បជ័យសូមសម្តែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជា។ ស្តេចពាលទាំអ៦ក៏បាក់បបខ្លបខ្លាចុះចាញ់។ ព្រះរាជាខ្ញាល់ឲ្យពេជ្ឃឃាដនាំទាំងម្តាយទាំងកូនទៅសម្លាប់ តែដោយសារតាយាយចាស់មកសុំទោស ទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញប្រាសាទផ្លាស់ជាតិទៅជារាស្ត្រសាមញ្ញកំព្រាអនាថា។
     ក្រោយពីទ្រង់កំសត់កម្រច្រើនដងច្រើនគ្រាមក ព្រះស័ង្ខសិល្បជ័យទ្រង់សោយរាជ្យប្រកបដោយសេចក្តីសុខក្សេមក្សាន្ត។ ព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រា១អង្គសន្មតព្រះនាមថា​ "វិជ័យកុមារ" ព្រះនាងសុរអមច្ចណា មានព្រះរាជបុត្រី១សន្មតនាមថា "សីលរ័តន៍ទេវី"។
     លុះអំឡុងតមក ព្រះបាទសេនាកុត្តរាជជាព្រះបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ចូលទិវង្គតព្រះវិលាល័យទៅ ព្រះស័ង្ខសិល្បជ័យទ្រង់ចាត់ការបុជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារឹកតាមរាជបវេណី។
     ចំណេរកាលមក ព្រះស័ង្ខសិល្បជ័យទ្រង់អភិសេកព្រះវិជ័យរាជកុមារ និងព្រះនាងសីលរ័តន៍ទេវីឲ្យសោយរាជ្យស្នងព្រះអង្គជាបរមសុខតទៅ។

  • ប្រធានរឿង៖ និយាយពីដំណើរជីវិតរបស់ពោធិសត្វក្នុងជាតិជាស័ង្ខសិល្បជ័យ។
  • មូលបញ្ហារឿង៖ 
    • ភាពអស្ចារ្យរបស់រាជសីហ៍ និងសង្ខសិល្បជ័យ
    • ការច្រណែនឈ្នានីសក្នុងខ្សែរាជវង្ស
      • ឧបាយកលរបស់បងស្រីទាំង៥នាក់
      • ជំនឿហោរា
      • ការចង់បានរាជសម្បត្តិរបស់បុត្រពាលទាំង៦
    • ដំណើរស្វែងរកព្រះនាងកេសរសុមន្ទារបស់ស័ង្ខសិល្បជ័យ
      • ការច្បាំងដណ្តើមព្រះនាងកេសរសុមន្ទាពីកុម្ភណ្ឌ
      • ស្តេចពាលទាំង៦ប្រើឧបាយកលទៅលើសង្ខសិល្បជ័យ
    • ការវិលចូលនគររបស់ព្រះនាងកេសរសុមន្ទា និងសុពណ៌ទេវី
    • ការអន្តរាគមន៍របស់ព្រះឥន្ទ្រាធិរាជ
    • ស័ង្ខសិល្បជ័យសម្តែងឫទ្ធិបង្ក្រាបស្តេចពាលទាំង៦
    • ការសរជាតិរបស់តួអង្គក្នុងរឿង
    • ប្រភព : CSH Educational

រឿង ខ្យងស័ង្ខ ភាគ​ ០២

រឿង ខ្យងស័ង្ខ ភាគ​ ០២


   នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេ​សីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយ​ទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវ​យកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយ​អង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់​យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំង​អស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេង​ភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះ​នាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅ​តែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។ 
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់​គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។ នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យ​សេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។ គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ និងព្រះនាងពៅរចនាទេវី​ជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។ ពេលនោះព្រះ​នាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោម​ពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់​លើដៃចៅងោះ។ ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និង​សើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។ ដោយខ្មាស់គេ​ខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅដ្ឋានឲ្យអ្នកទាំងពីរនៅក្រៅនគរ។ ចំណែកខ្យងស័ង្ខ​ជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងោះដើម្បីផ្ទំជាមួយភរិយា លុះព្រឹកឡើងទើបពាក់ស្រោម​ងោះដូចដើមវិញ។ ដោយទ្រាំនឹងការដៀលត្មិះពីសំណាក់មាតាបិតា និងបងៗមិនបាន ព្រះនាងពៅ​រចនាទេវីទ្រង់ព្រះរាជតម្រិះថា ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វី​ដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ ហេតុនេះនៅរាត្រីនេះ​ពេលទ្រង់ឡើងមកផ្ទំជាមួយអញស្កប់ស្កល់ហើយ អញនឹងលួចយកស្រោមងោះនោះទៅដុត​បំផ្លាញចោល។ ពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានយកស្រោមងោះទៅវាយនឹងអង្រែ រួចហើយយកទៅដុតចោល ប៉ុន្តែដោយតេជះនៃស្រោមងោះមិនបានធ្វើឲ្យស្រោមងោះវិនាសទេ នៅពេលព្រះស័ង្ខភ្ញាក់ពីដំណេកដូចសព្វមួយដងព្រះអង្គរកស្រោមងោះរបស់ព្រះអង្គ ប៉ុន្តែអ្វីដែល​ធ្វើឲ្យព្រះអង្គនឹកស្មានមិនដល់គឺការទតឃើញពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល ចាប់ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
     ចំណែកព្រះបាទសាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក ព្រះអង្គបានរិះរក​គ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល ដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មី​ដែលសក្តិសមនឹងព្រះនាង។ ព្រះអង្គបានឲ្យបុត្រាសុណិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វ​ព្រៃ បើបុត្រាណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។ បុត្រប្រសារទាំងប្រាំមូយម្នាក់ៗសុទ្ធ​តែ​មានពលសេនា លើកលែងតែចៅងោះស្វាមីពៅរចនាដែលគ្មានពលសេនាសូម្បីតែម្នាក់។ នៅពេល​ដឹងដំណឹងនេះភ្លាម ព្រះនាងពៅរចនាបានពានាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមី។ ដោយក្តីអា​ណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ ហើយហោះសំដៅទៅកណ្តាលទីព្រៃ។ ក្រោមម្លប់ជ្រៃ ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។ ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ ហើយខ្លះក៏ខូចស្អុយរលួយអស់​ទៅ​ហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងោះ ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វ​ព្រៃ។ ដោយសារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទសាមលរាជទ្រង់​ខ្ញាល់យ៉ាងខ្លាំង។ លើកទីពីរ ទ្រង់បានបញ្ជាឲ្យបុត្រប្រសារទាំងអស់ចេញទៅរកត្រីម្តង។ លើកនេះ​បុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់​ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមលរាជខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយរបស់ព្រះអង្គម្តង​ទៀត។
     លុះព្រឹកស្អែកឡើង ព្រះបាទសាមលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រ​ទាំងអស់រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿងអលង្កការផ្សេងៗ។ ក្រោយពី​ទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។ ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ ឬទោះជាព្រះនាងពៅរចនា​ទេវី​យំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុកដាក់ដែរ។ ដោយមិនអាចធ្វើឲ្យស្វាមីយល់ និង​ធ្វើតាមបំណងរបស់ខ្លួនបាន ព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតា។ ផ្ទុយ​ទៅវិញ ព្រះបាទសាមលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនា និងស្វាមីកាន់តែខ្លាំងឡើងៗ​រហូត​ដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។ ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ ព្រះនាងបានរៀប​រាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។ ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសី​ទ្រង់យ៉ាងណាក៏ដោយ តែដោយកាតព្វកិច្ច និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេច​ទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។ ចំណែកព្រះនាងពៅរចនាទេវី ដោយមិន​អាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន​ ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរ​យប់ព្រះនាងមិនបានបរិភោគអាហារ ព្រះនាងព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់ នៅពេល​ភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថា "ព្រះស្វាមីអូនលាហើយ"​ មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
     នៅពេលដែលព្រះនាងពៅរចនាទេវីសោយទីវង្គត ភាពកក្រើក និងក្តៅក្រហាយកើតមានដល់​ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទតមកកាន់សាមលបុរីរួចក៏យល់អស់នូវសេចក្តី។ ព្រះឥន្ទ្ររិះរក​នូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ និងធ្វើឲ្យព្រះនាងពៅរចនាមានព្រះ​ជន្មឡើងវិញ។ ព្រះឥន្ទ្របានត្រាស់បង្គាប់ឲ្យព្រះពិស្ណុកាប្រែកាឡាជាទូតទៅសុំប្រកួតល្បែងវាយ​ឃ្លី​ជាមួយព្រះបាទសាមលរាជ រីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។ ព្រះបាទសាមលរាជមានការភិត​ភ័យជាខ្លាំងចំពោះដំណឹងនេះ។ ព្រះបាទសាមលរាជបានគម្រាមបុត្រប្រសារទាំងឡាយថានឹង​ទទួលទោសស្លាប់ បើពុំបានទទួលជោគជ័យក្នុងការប្រកួត។ ថ្ងៃប្រកួតបានមកដល់។ ដោយ​អំណាចតេជះរបស់ព្រះឥន្ទ្រ បុត្រប្រសាររបស់ព្រះបាទសាមលរាជទាំងប្រាំមួយគ្មានម្នាក់ណាអាច​យកឈ្នះព្រះឥន្ទ្រឡើយ។ ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ សេចក្តីអស់សង្ឃឹមបាន​ចូលមកគ្របដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។ កាលនោះព្រះអគ្គមហេសីសាមល​រាជក្សត្រីពុំភិតភ័យឡើយ និងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹម ហើយក៏បានរំលឹកដល់កម្លាំង​ពលំរបស់ចៅងោះបុត្រប្រសារពៅ និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រ​អង្គនេះ (ព្រះឥន្ទ្រ)។ ដោយគ្មានជម្រើស ព្រះបាទសាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះ​ហៅបុត្រប្រសារពៅ គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនា ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។ ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួត​វាយឃ្លី ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។ ព្រោះតែភាពស្មោះត្រង់របស់ព្រះ​នាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង ហើយនឹងភាពវឹកវរដល់ព្រះនគរផង ព្រះស័ង្ខក៏យល់​ព្រម​ទទួលយកសំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា ដោយព្រមដោះស្រោមងោះចេញ ហើយ​ទៅប្រកួតវាយឃ្លីនោះ។​ ក្នុងរូបរាងពិបប្រាកដ ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់​អាចបំផុត។ ក្នុងការប្រកួតនេះអស់បណ្តាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើន។ ជ័យ​ជំនះធ្លាក់ទៅលើព្រះស័ង្ខ។ ក្រោយការប្រកួត ដោយសារភាពអង់អាច និងរូបសម្បត្តិដ៏ល្អល្អះរបស់​ព្រះស័ង្ខធ្វើឲ្យព្រះបាទសាមលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះស័ង្ខ ទ្រង់បានប្រគល់រាជ​សម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ ហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែល​មានកិត្តិយសលើសអស់បងៗព្រះនាង។
     ថ្លែងពីព្រះបាទវិមលរាជនៅនគរសោឡស ក្នុងរាត្រីថ្ងៃមួយ ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរ​ទៅពន្យល់សប្តិព្រះបាទយសវិមលរាជ ដៃកាន់ដំបងប៉ុនដើមត្នោត ស្រែកសន្ធប់ទៅកាន់ព្រះបាទ​វិមលរាជថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ជឿតាមពាក្យញុះញង់នាងឆន្ទាកំណាច។ បើស្តេច​មិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ ៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។ ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
     លុះព្រឹកឡើង ព្រះបាទយសវិមលរាជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួលព្រះនាងចន្ទទេវីមក​កាន់ព្រះរាជនគរវិញ។ ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះ​នាងចន្ទទេវី ព្រះបាទយសវិមលរាជទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ដាក់ទ្រង់ និងមានគំនិតមិនល្អចំពោះព្រះនាងចន្ទទេវី ទ្រង់បាន​បញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់។ ព្រះបាទ​យសវិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរករ ព្រះនាងចន្ទទេវីក៏យល់​ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ ព្រះនាងបានធ្វើការសម្តែង​នូវ​ភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមី ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាព​អស្ចារ្យបានកើតឡើង ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង ព្រះកាយព្រះនាងបានប្រែជា​ស្រស់ស្អាតដូចស្រីសួគ៌។ ឃើញភាពអស្ចារ្យបែបនេះព្រះបាទយសវិមលរាជរឹតតែមានចិត្តអាណិត​ និងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើង។ ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ ព្រះបាទ​យសវិមលរាជ និងព្រះមហេសី បានក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់​គ្រងរាជ្យ ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផង។ ដោយសារតែមានការលំបាកក្នុងការទៅជួប​ព្រះស័ង្ខ ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
     សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ ដោយទ្រង់បានចិតបន្លែ​ជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។ កាលបើបានឃើញនូវព្រះស្ងោយហើយ ព្រះស័ង្ខបាន​ប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។ ឃើញដូច​នេះព្រះនាងពៅរចនាទេវីបានសោយសោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។ ស្ថានភាពនេះ​បានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ ហើយទ្រង់ក៏បានយាងចុះមក​ប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។ ក្រោយទ្រង់ដឹងព្រះកាយវិញ ព្រះនាងចន្ទទេវីបាននាំ​ព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះ​ស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។ រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ ព្រះស័ង្ខត្រូវឡើង​គ្រងរាជ្យបន្តពីព្រះបិតា។ ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ ព្រះបាទយសវិមលរាជបានរៀបចំ​ឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។ ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាន​នូវក្តីសុខសន្តិភាព ទាំងនគរ ទាំងក្រុមគ្រួសារ។ បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រ​ម្នាក់មួយ ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏​ត្រកាល រីឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោ​ភាប្រៀបបានស្រីសួគ៌ា។ ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ ហើយប្រគល់រាជ​សម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។ ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេ​សីរចនាទេវីជាធំលើសក្សត្រី។ សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សា​ទ្រង់បានសោយទិវង្គត់ ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី​ និងព្រះមាតា​របស់ទ្រង់។ ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។ ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហា​អានន្ត។ ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះសុទ្ធោទន៍។​ ចន្ទទេវីយកជាតិជាព្រះនាងសិរិមហា​មាយា។ រចនាទេវី យកជាតិជានាងពិម្ពា។ សុវណ្ណធីតាយកជាតិជានាងសុជាតា។ សុវណ្ណកុមារយក​ជាតិជារាហុលកុមារ។ នាងសុវណ្ណទេវីយកជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ យកជាតិជា​ព្រះសិទ្ធាថ៌ គឺព្រះសម្មាសម្ពុទ្ធ៕
  • ប្រធានរឿង៖ និយាយពីដំណើរជីវិត របស់ព្រះពោធិសត្វដែលបានយោនយកកំណើតជាខ្យង​ស័ង្ខ។
  • មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
    • ស្នេហា និងការប្រកាន់វណ្ណៈ
    • ព្រហ្មវិហាធម៌ និងកតញ្ញូ
    • ការលោភលន់នឹងអំណាចបុណ្យសក្តិ
    • ការសរជាតិនៃតួអង្គ៕
    • ប្រភព : CSH Educational

រឿង ខ្យងស័ង្ខ​ ភាគ​ ០១

រឿង ខ្យងស័ង្ខ​  ភាគ​ ០១


  • ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
  • ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
  • ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
  • កាលកំណត់តែង៖ ១៧២៩
  • អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)
រឿងសង្ខេប
     នាសម័យព្រះសម្មាសម្ពុទ្ធទ្រង់យោនយកកំណើតជាពោធិសត្វ មានស្តេចមួយអង្គព្រះនាមវិមលរាជ សោយរាជ្យនៅសោឡសមហានគរ មានមហេសីពីរអង្គ។ មហេសីទីមួយព្រះនាមចន្ទទេវី មហេសីទីពីរព្រះនាមឆន្ទា។ ព្រះបាទវិមលរាជទ្រង់សព្វព្រះរាជហឫទ័យព្រះមហេសីទាំងពីរក្រៃលែង។ ថ្ងៃមួយដោយទ្រង់ឈ្វេងយល់ថា ព្រះអង្គនៅពុំទាន់មានបុត្រសម្រាប់ស្នងរាជ្យនៅឡើយ ព្រះបាទយសវិមលរាជទ្រង់ក៏បញ្ជាគេឲ្យទៅយាងមហេសីទាំងពីររបស់ព្រះអង្គថា បើចំណោមមហេសីទាំងពីរអាចមានបុត្រានោះព្រះអង្គនឹងតែងតាំងជាព្រះអគ្គមហេសី។ ក្រោយពីនេះមក មហេសីទាំងពីររបស់ព្រះអង្គក៏យាងទៅរៀបចំពិធីសុំបុត្រ។ ព្រះនាងចន្ទទេវី ក៏បានតាំងពិធីបួងសួងសុំបុត្រដោយការរក្សាសីលភាវនាយ៉ាងខ្ជាប់ខ្ជួន ដែលនៅពេលនោះមានអំណាចនៃផល្លានិសង្ឃរបស់ព្រះនាង បានធ្វើឲ្យក្តៅក្រហាយទៅដល់ឋានព្រះឥន្ទ្រៗក៏សុំយាងព្រះពោធិសត្វយោនយកកំណើតក្នុងផ្ទៃ​ព្រះនាងច័ន្ទទេវី។ ចំណែកឯព្រះនាងឆន្ទាទ្រង់មិនបានតាំងសីលដូចព្រះនាងចន្ទទេវីទេ គឺនាងទៅធ្វើការបូជាដើមព្រះជ្រៃដើម្បីអធិដ្ឋានប្រាថ្នាសុំបុត្រ នៅពេលនោះដែរទេពធីតារក្សាដើមជ្រៃបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងឆន្ទា។ ក្រោយពេលពិធីសុំបុត្រចប់ ព្រះមហេសីទាំងពីរតែងតែនាំគ្នាចូលគាល់ព្រះមហាក្សត្រជាប្រក្រតី។ ថ្ងៃមួយព្រះបាទយសវិមលរាជ្យទ្រង់យល់ថា ទឹកមុខរបស់មហេសីទាំងពីររបស់ព្រះអង្គមានទឹកមុខ​ខុសប្លែកពីសព្វមួយដង ព្រះអង្គក៏ទ្រង់សួរទៅមហេសីចន្ទទេវីអំពីការរៀបចំពិធីសុំបុត្រ។ នៅពេល​នោះព្រះនាងចន្ទទេវីបានមានព្រះបន្ទូលថា ព្រះនាងយល់សុបិន្តឃើញរាហ៊ូពាំព្រះចន្ទ្រមកថ្វាយ​ដល់ព្រះនាង ព្រះនាងក៏បានទទួលយកព្រះចន្ទ្រដោយក្តីត្រេកអរមហិមា តែរំពេចនោះព្រះចន្ទ្រ​ដែលមានពន្លឺភ្លឺត្រចះត្រចង់ប្រែក្លាយទៅជាពណ៌ខ្មៅងងឹតសូន្យសុង ពេលនោះព្រះចន្ទ្រក៏បាន​ព្រាត់ចេញពីដៃរបស់ព្រះនាង។ ព្រះនាងក៏ដូលសន្លប់ដល់ក្ស័យជន្មា។ ក្រោយមករាហ៊ូក៏បាននាំ​យកព្រះចន្ទ្រយកមកឲ្យនាងវិញ ហើយព្រះនាងក៏មានព្រះជន្មឡើងវិញ។ ដោយក្តីអាណិតចំពោះ​មហេសី ព្រះបាទយសវិមលរាជក៏បានបញ្ជាឲ្យហោរាទស្សន៍ទាយអំពីការយល់សប្តិរបស់ព្រះនាង។ ហោរាបាននិយាយថា ព្រះនាងចន្ទទេវីគឺមានរាជបុត្រាដែលជាទេវតាបានមកចាប់បដិសន្ធិក្នុងផ្ទៃ​ព្រះនាង ហើយនៅពេលអនាគតព្រះរាជបុត្រអង្គនេះនឹងឡើងសោយរាជ្យជំនួសព្រះអង្គ។ ក្រោយ​ពីលឺទំនាយបែបនេះ ជាហេតុបណ្តាលឲ្យព្រះនាងឆន្ទាផ្ទំពុំលក់ពេញមួយរាត្រី ព្រោះព្រះនាងគិត​ថាកូនខ្លួនអាចជាកូនស្រី ក្រែងគ្មានបានវាសនាអាចស្នងរាជ្យដូចបុត្រព្រះនាងចន្ទទេវី។ ដោយគិត​សព្វគ្រប់ទៅព្រះនាងក៏បានឲ្យគេចេញទៅរកគ្រូស្នេហ៍ម្នាក់ឈ្មោះយាយស្មេធា ព្រះនាងឆន្ទាក៏បាន​ឲ្យយាយស្មេធាធ្វើស្នេហ៍ដាក់ព្រះបាទយសវិមលរាជ ក្រោយពីត្រូវស្នេហ៍របស់ព្រះនាងឆន្ទា ព្រះអង្គក៏បានបណ្តេញព្រះនាងចន្ទទេវីតាមរយៈការញុះញង់របស់ព្រះនាងឆន្ទាទោះបីជាព្រះអង្គ​ដឹងថាព្រះនាងចន្ទទេវីមានផ្ទៃពោះក៏ដោយ។ ក្រោយពីព្រះស្វាមីបានបណ្តេញចេញពីព្រះនគរ ព្រះនាងក៏ធ្វើដំណើរដោយគ្មានមាសប្រាក់សូម្បីតែបន្តិច ព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅ​លើខ្លួនរបស់ព្រះនាង ត្រូវនាងឆន្ទារឹបអូសគ្មានសល់។ នៅពេលដែលព្រះនាងកំពុងតែធ្វើដំណើរ​ទៅដល់ព្រៃជ្រៅ ព្រះនាងបានជួបនឹងដូនចាស់ម្នាក់ ព្រះនាងក៏បានសុំដូនចាស់នោះស្នាក់នៅជា​មួយ ហើយព្រះនាងតែងតែប្រកបរបរកាប់ឧសលក់។ ដោយយល់ឃើញថា រៀងរាល់ថ្ងៃព្រះមាតាតែងតែប្រកបការងារដោយលំបាក ព្រះអង្គក៏តាំងអធិដ្ឋានថា ប្រសិនបើព្រះ​អង្គជាតួអង្គពោធិសត្វ សូមឲ្យនៅពេលដែលព្រះអង្គប្រសូតមកឲ្យមានខ្យងស្រោបមកជាមួយ។ លុះដល់ខែកំណត់នៃការប្រសូត ព្រះនាងទ្រង់ប្រសូតនូវព្រះរាជបុត្រមួយព្រះអង្គដែលរុំស្រោប​ដោយសម្បកខ្យង ដែលមានពន្លឺភ្លឺរលោង ព្រះនាងបានយកខ្យងនោះមកឱបថើប។ ដំណើរជីវិត​របស់ព្រះនាង និងបុត្របានប្រព្រឹត្តទៅរយៈពេលបីឆ្នាំ។ ថ្ងៃមួយព្រះនាងបានទៅកាប់ឧសនៅក្នុង​ព្រៃដូចសព្វដង តែថ្ងៃនោះព្រះនាងបានទុកដាក់អង្ករប្រហែស។ ខ្យងស័ង្ខដោយឃើញពីទុក្ខវេទនា​របស់មាតាចំពោះការខិតខំរកស៊ីទ្រង់ក៏ចេញពីស្រោមចុះមកដេញមាន់នឹងរៀបចំផ្ទះ។ ចំណែកឯ​ព្រះនាងចន្ទទេវី ក្រោយពេលទៅដល់ព្រៃកាប់ឧសមួយសន្ទុះព្រះនាងក៏នឹកឃើញថាថ្ងៃនេះពេល​ចេញមកព្រះនាងមិនបានទុកដាក់របស់របរបានល្អ។ ព្រះនាងទ្រង់យាងត្រឡប់មកកាន់ខ្ទមរបស់​ខ្លួន។ ព្រះនាងទ្រង់មើលពីចម្ងាយឃើញហាក់បីដូចជាមានមនុស្សនៅក្នុងខ្ទម។ ពេលមកដល់ទ្រង់​មិនឃើញ ព្រះនាងក៏សញ្ជឹងគិតថានៅក្នុងខ្ទមនេះមានតែទ្រង់និងបុត្រ វាមិនអាចមានមនុស្សណា​ផ្សេងឡើយ។ នៅថ្ងៃស្អែកឡើងព្រះនាងក៏យាងធ្វើជាទៅកាប់ឧសដូចរាល់សព្វមួយដង ប៉ុន្តែព្រះ​នាងធ្វើជាភ្លេចគ្របទុកដាក់អង្ករឲ្យបានជិត។ ខ្យងស័ង្ខដោយគិតថាមាតាភ្លេច ហើយដោយក្តី​អាណិត ក៏បានចេញពីស្រោមមករៀបចំដូចលើកមុន។ ព្រះនាងចន្ទទេវីដែលពួននៅក្រោយខ្ទមក៏​ស្ទុះចេញមកឱបក្រសោបបុត្រលួងលោមគ្រប់បែបយ៉ាងមិនឲ្យខ្យងស័ង្ខចូលក្នុងស្រោមវិញ។ ព្រះ​នាងចន្ទទេវីបានយកសំបកខ្យងទៅវាយបំបែក ព្រោះព្រះនាងភ័យខ្លាចខ្យងស័ង្ខចូលក្នុងស្រោម​វិញ។ ចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងនាំរបស់របរមកជូនព្រះនាងមិនដែលខាន។ ដំណឹង​នេះ​បានលឺទៅដល់ព្រះនាងឆន្ទាដែលមានបុត្រី ដោយសេចក្តីភ័យខ្លាចការវិលត្រឡប់របស់ខ្យងស័ង្ខ និងចន្ទទេវីមកសោយរាជ្យសម្បត្តិ ព្រះនាងឆន្ទាបានប្រើឧបាយកលដោយប្រាប់ព្រះបាទយស​វិមលរាជថាព្រះនាងចន្ទទេវី ជាស្រី្តដែលភិតក្បត់មានសាហាយ ហើយបង្កើតបានកូនប្រុសម្នាក់ ដែលកូនប្រុសនេះជាសាហាយរបស់ព្រះនាងចន្ទទេវី។
     ក្រោយពីលឺដំណឹងនេះព្រះបាទយសវិមលរាជទ្រង់ បានបញ្ជាឲ្យគេទៅចាប់ខ្យងស័ង្ខយកមក​សម្លាប់។ ពេជ្ឃឃាដចាប់ខ្យងស័ង្ខបាន គេចងដៃចងជើងខ្យងស័ង្ខដូចជាអ្នកទោស។ បន្ទាប់មក​ពេជ្ឃឃាដយកដាវមកកាប់ករបស់ខ្យងស័ង្ខ ប៉ុន្តែដោយអំណាចអានិសង្ស អាវុធនោះបានប្រែក្លាយ​ទៅជាពុកផុយ បាក់ខ្ទេចខ្ទីអស់។ ពេជ្ឃឃាដក៏យកលំពែងមកចាក់រាជកុមារ លំពែងនោះទៀត​សោតក៏ក្លាយជាផ្កាទៅវិញ។ ព្រះវិមលរាជ ក៏ប្រើពេជ្ឃឃាដយករាជកុមារចងដៃចងជើងបោះ​ទំលាក់ចូលទឹក។ ព្រះនាងចន្ទទេវីឃើញបុត្របណ្តូលចិត្តរបស់ទ្រង់ត្រូវបិតាប្រើពេជ្ឃឃាដ​សម្លាប់​ដូចនោះ ទ្រង់ទួញយំឥតស្រាកស្រាន្ត។ គួរឲ្យអនិច្ចាណាស់ ព្រះពោធិសត្វកាលត្រូវពេជ្ឃឃាដចង​ទម្លាក់ចូលទឹកមិនស្លាប់ទៀត ព្រះវិមលរាជក៏ប្រើពេជ្ឃឃាដចងរាជកុមារ នឹងដុំថ្មធំៗទម្លាក់ចូលទឹក​ជម្រៅ ២០០០ព្យាមទៀត។ ពេលរាជកុមារធ្លាក់ចូលទឹក ធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាល ស្តេច​នាគក៏និម្មិតផ្កាឈូកក៏ធំទ្រទទួលព្រះរាជកុមារខ្យងស័ង្ខ រួចនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ ហើយស្តេចនាគទ្រង់សព្វព្រះទ័យខ្លាំងណាស់។ តែខ្យងស័ង្ខមិនអាចគង់នៅជាមួយបានឡើយ ស្តេចនាគក៏និម្មិតសំពៅមាសមួយរចនាដោយគ្រឿងលម្អ មានប្រដាប់ប្រដាប្រើប្រាស់សព្វបែប​យ៉ាង ដាក់រាជកុមារសំដៅនគរយក្ស ដើម្បីឲ្យនាងពន្ធរសចិញ្ចឹម។ សំពៅនោះអណ្តែតបានមួយខែ​កន្លះមកទើនឹងកន្លែងឥសី។ ខ្យងស័ង្ខក៏បានរៀបរាប់ពីដំណើរដើមទងប្រាប់តាបសៗក៏បានជូនពរ​សព្វសាធុការដល់ខ្យងស័ង្ខ និងបានយកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរ​តាលវ័ន។ ពួកយក្សប្រុងចាប់រាជកុមារស៊ីជាចំណី ប៉ុន្តែយក្សទាំងនោះលិចទឹកក្ស័យជន្មអស់ ១៩០០០នាក់។ ដំណឹងនេះបានលឺដល់នាងពន្ធរស នាងក៏ឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជ​កុមារ។ នាងពន្ធរសសព្វព្រះទ័យនឹងខ្យងស័ង្ខណាស់។ ជំងឺមិនឃ្លានអាហាររបស់យក្សពន្ធរសក៏​ស្រាប់តែជាសះស្បើយឡើងវិញ ព្រះនាងត្រេកអរណាស់ រឹតតែស្រឡាញ់រាជកុមារខ្លាំងឡើង។​ មុនពេលទៅរកចំណី នាងតែងផ្តាំបុត្រថាកុំឲ្យទៅលេងស្រះបោក្ខរណី រាជកុមារក៏លបលួចទៅ​លេង ឃើញមានស្រះមាស ស្រះប្រាក់។ ថ្ងៃក្រោយមកទៀតនាងបានផ្តាំទៅខ្យងស័ង្ខថាមិនឲ្យទៅ​លេងនៅប្រាសាទខាងលើ ព្រោះមានខ្មោចងោះ ដែលជាខ្មោចកាចសាហាវខ្លាំងណាស់ ប៉ុន្តែលើក​នេះក្រោយពីម្តាយខ្លួនចាកចេញទៅខ្យងស័ង្ខក៏បានឡើងទៅលើប្រាសាទ រួចឃើញស្រោមងោះ និងឈើច្រត់។ ខ្យងស័ង្ខក៏ពាក់ស្រោមងោះ ព្រមទាំងជិះឈើច្រត់ហោះលេងលើអាកាស។ ការរស់​នៅរបស់ខ្យងស័ង្ខប្រព្រឹត្តទៅអស់រយៈពេល១០ឆ្នាំ ដោយការរស់នៅឆ្ងាយពីម្តាយ ដោយនឹករលឹក​ដល់ព្រះមាតាចន្ទទេវី ខ្យងស័ង្ខក៏សម្រេចចិត្តចាកចេញពីម្តាយធម៌។ តែមុនពេលចាកចេញខ្យង​ស័ង្ខក៏បានចុះទៅស្រង់ទឹកនៅក្នុងស្រះបោក្ខរណី ជាតិជាមាសបន្ទាប់មកពាក់ស្រោមងោះ ហើយ​យកស្បែកជើងកែងពាក់ និងឡើងគង់លើឈើច្រត់ ហើយចេញពីនគរយក្សទៅ។
     យក្សពន្ធរសបានយាងមកពីប្រពាតព្រៃវិញមិនបានឃើញខ្យងស័ង្ខមកទទួលខ្លួនដូចសព្វដង ក៏គិតថាប្រហែលជាខ្យងស័ង្ខរត់ចោលខ្លួនក៏ហោះចេញតាមរក។ ពេលទៅតាមទាន់ក៏បបួលលួង​លោមឲ្យខ្យងស័ង្ខវិលត្រឡប់មកនគរវិញ ប៉ុន្តែខ្យងស័ង្ខមិនព្រម គឺគេប្តេជ្ញាថាទៅតាមរកមាតា​ចន្ទទេវី។ ដោយអស់មធ្យោបាយក្នុងការឃាត់ខ្យងស័ង្ខ ព្រះនាងក៏បានប្រាប់ពីវិធីប្រើប្រាស់វត្ថុអាថ៌​កំបាំងសក្តិសិទ្ធិទាំងបីដល់ខ្យងស័ង្ខ ហើយព្រះនាងបានបា្រប់ពីមន្តវិជ្ជាការហោះមហាចិន្តានូវ​សិល្ប៍សាស្ត្រដែលអាចហៅត្រី សត្វនានា និងសម្បត្តិកែវកងផ្សេងៗបាន បន្ទាប់មកព្រះនាងក៏ដាច់​ខ្យល់ស្លាប់បាត់ទៅ។​ រាជកុមារក៏ប្រើខុនមារពលសេនាយក្សឲ្យលើកសពព្រះមាតាដាក់មឈូស​មាស ធ្វើបុណ្យតាមប្រពៃណី បូជាព្រះភ្លើង រួចរើសព្រះធាតុដាក់ក្នុងកោដិមាសតាំងក្នុងព្រះចេតិយ ហើយក៏ក្រាបបង្គមលាបីដង។ ទ្រង់ក៏ឈរលើឈើច្រត់ ពាក់ស្រោមងោះហោះទៅលើអាកាស​ចេញពីនគរយក្សបាន៧ថ្ងៃដល់សាមលមហានគរ។

ប្រភព : CSH Educational

រឿង សព្វសិទ្ធិ

រឿង សព្វសិទ្ធិ



  • ប្រភពរឿង៖ គម្ពីរបញ្ញាសជាតក
  • ប្រភេទរឿង៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង
  • ចលនា៖ ពុទ្ធនិយម
  • អ្នកនិពន្ធ៖ ហ្មឺនភក្តីអក្សរតន់
  • កាលកំណត់តែង៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩
សង្ខេបរឿង
     នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។
ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយា
ជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។ ថ្លែងពីនាងសកុណីនៅ
ក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​
ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយ
បានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។ ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាម
ថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំ
ដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលាដោយ
មានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹង
ដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។ ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅ
នាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រីសេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើក
ព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។
     ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជា
សក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។
     សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹង
ប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀង
បានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។ ចៃដន្យល្អមានសត្វសារិកាមួយ
ស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។
សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់
ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យ
ជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យ​ទៅកើតនៅឋានតុសិត។ សព្វសិទ្ធិ
សរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជា
ពុទ្ធមាតានាមនាងសិរីមហាមាយា។

  • ប្រធានរឿង៖ លើកឡើងនូវទស្សនៈកម្មផល គឺរឿងទាំងមូលនិយាយពីការសាងកម្ម និងការសោយកម្មទាំងក្នុងបច្ចុប្បន្នជាតិ និងអតីតជាតិ។
  • មូលបញ្ហារឿង៖ បញ្ហាកម្មផល។
    • ការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណា ចាំឲ្យកើតហេតុ កើតគ្រោះរហូតឈានដល់ការធ្វើអត្តឃាត។
    • ការជ្រើសរើសគូស្រករ
    • ការផិតក្បត់ សាហាយស្មន់
    • ការសេពគប់មិត្ត។
    • ប្រភព : CSH Educational





ចំនួនអ្នកចុចចូលមើល

Popular Posts

Translate

Powered by Blogger.
Copyright © 2014 ហេតុអ្វី?​ Why? All Right Reserved
Templates Created By BTResponsive| Boost Your Skills